កាលពីថ្ងៃទីសាមសិប ខែឧសភា ឆ្នាំពីរពាន់ម្ភៃបួន វេលាម៉ោងប្រាំពីរកន្លះព្រឹក នៅសាលប្រជុំសាលាខេត្ត ពោធិ៍សាត់មានរៀបចំដំណើរការប្រជុំក្រុមសម្របសម្រួលថ្នាក់ខេត្តដែលរៀបចំឡើង ដោយអង្គការអភិវឌ្ឍន៍នារីខ្មែរ សហការជាមួយនឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រដ្ឋបាលជលផលខេត្ត ដែលគាំទ្រថវិកាដោយអង្គការអភិរក្សអន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តមលោក ឡាយ វិសិទ្ធ អភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្ត លោកនាយខណ្ឌរដ្ឋបាលជលផលនិងសហការី លោកអភិបាលនិង អភិបាលរងស្រុកគោលដៅទាំងបីមានកណ្តៀង ក្រគរ និងបាកាន មន្ទីជំនាញពាក់ពន្ធនានា លោកមេឃុំ, លោកមេភូមិគោលដៅ និង សហគមន៍នេសាទគោលដៅទាំងប្រាំបួននៅក្នុងខេត្តពោធិសាត់ រួមទាំងតំណាងអង្គការអភិរក្សអន្តរជាតិ នឹងអង្គការអភិវឌ្ឍន៍នារីខ្មែរ ដែលមានអ្នកចូលរួមសរុបទាំងអស់ ៧០នាក់ស្រី១០នាក់។
បន្ទាប់ពីប្រកាសហេតុ ប្រកាសគណៈអធិបតី និងគោរពទង់ជាតិរួចមកគឺជាមតិស្វាគមន៍របស់លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដោយក្នុងនោះលោកបានធ្វើការបញ្ជាក់អំពីរបាយការណ៍រីកចំរើនលើផ្នែកជលផល។ បន្ទាប់មកទៀតគឺជាមតិសំណេះសំណាលបើកអង្គប្រេជុំរបស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ដោយក្នុងនោះ ឯកឧត្តមបានអបអរសាទរជាមួយនឹងកម្មវិធីប្រជុំថ្ងៃនេះដោយដោយបានបញ្ជាក់ច្បាស់ថាទាក់ទងនឹងជនល្មើសឆក់ត្រី ក៏ដូចជាផលិតឧបករណ៍ឆក់ត្រូវតែឈប់ជាបន្ទាន់ ចាប់ពេលនេះតទៅលែងធ្វើការអប់ណែនាំទៀតហើយគឺអនុវត្តតាមច្បាប់ដោយគ្មានការលើកលែង។ ជាមួយគ្នានេះដែរឯកឧត្តមក៏បានធ្វើសំណូមពរដល់សហគមន៍នេសាទទាំងអស់គឺសូមឪ្យយកចិត្តទុកដាក់ ចូលរួមថែរក្សាការពារធនធានជលផលនីតាមសហគមន៍របស់ខ្លួន ព្រោះថាអ្នកទាំងអស់គ្នារស់នៅដោយពឹងពាក់លើធនធានទាំងនោះ ។ជាទីបញ្ចប់ឯកឧត្តមក៏បានធ្វើការប្រគល់វត្ថុអនុសាវរីយជូនដល់សហគមន៍នេសាទឈានមុខដែលបានទទួលការសរសើរពីថ្នាក់ជាតិផងដែរ។